ចូលទៅសម្ងំដេកក្រោមគ្រែ ក្នុងផ្ទះអ្នកមេម៉ាយប៉ងរំលោភកូនក្រមុំ
ភ្នំពេញ ៖ បុរសជាកម្មករសំណង់ ធ្លាប់បានព្យាយាមប៉ុនប៉ងរំលោភកូនក្រមុំអ្នកមេម៉ាយម្ដងរួចមកហើយ ដោយសារឃើញអ្នកមេម៉ាយវ័យកណ្ដាលម្នាក់នេះ មានកូនក្រមុំដល់ទៅបីបួននាក់ក្នុងបន្ទុក ហើយក្នុងនោះកូនស្រីរបស់គាត់ម្នាក់ទៀតក៏មេម៉ាយដែរ គ្មានប្រុសជាជំហរបង្អែកធ្វើឲ្យជនសង្ស័យដែលចិញ្ចឹមចិត្តសំលៀងមាត់ប៉ុនប៉ងរំលោភលើកូនក្រមុំអ្នកមេម៉ាយរូបនេះមួយលើកជាពីរលើកមកហើយ។ មកដល់ពេលនេះគេបានមកពួនសម្ងំដេកក្រោមគ្រែក្នុងផ្ទះរបស់គាត់មិនដឹងតាំងពីពេលណាទេ ដើម្បីរង់ចាំឱកាសហុចឲ្យនឹងប្រតិបត្តិការ ប៉ុន្ដែដោយសារស្រវឹងដេកខករហូតដល់ម៉ោងកើតហេតុ ម្ចាស់ផ្ទះងើបបត់ជើងតូច ទើបបានដឹងក៏ភ្ញាក់ផ្អើលឆោឡោឡើងនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលជនរងគ្រោះស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ជំ ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា មានភូមិកំណើតនៅភូមិត្រពាំងរពាក់ ឃុំត្រាំងកក់ ស្រុកត្រាំងកក់ ខេត្តតាកែវ។ ជនរងគ្រោះត្រូវជាម្តាយឈ្មោះ ភី នឿន អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនរងគ្រោះ ដែលជនសង្ស័យប៉ុនប៉ងចាប់រំលោភនោះមានឈ្មោះ ម.ច.ណ អាយុ២២ឆ្នាំ មុខរបរធ្វើការក្នុងហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្នាក់នៅជាមួយម្ដាយ។
បើតាមប្រភពព័ត៌មានពីស្ដ្រីជាម្តាយ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាចូលដេកដូចសព្វមួយដង។ បន្ទាប់មកឮសំឡេងចៅយំឃ្លានបៅ ហើយកូនរបស់គាត់ ឈ្មោះមាស ចាន់នី អាយុ២៤ឆ្នាំ ក៏ជាស្រីមេម៉ាយដែរ ពេលភ្ញាក់ងើបមករៀបចំឲ្យចៅបៅទឹកដោះគោ ឃើញទ្វារចំហគាត់ក៏ទៅទាញបិទ ហើយស្ដ្រីជាម្ដាយបានចូលទៅបត់ជើងតូច ស្រាប់តែពេលនោះបានក្រឡេក ឃើញជនសង្ស័យកំពុងដេកនៅក្រោមគ្រែ ក្នុងផ្ទះជួលរបស់គាត់ ដោយដេកផ្កាប់មុខក្នុងសម្លៀកបំពាក់មានតែខោលីអូបាំងបិទតែកេរភេទ បន្ដិចប៉ុណ្ណោះ។ ឃើញបែបនេះស្ដ្រីជាម្តាយបានស្រែកយំហ៊ូ ដោយសារគាត់ភិនភ័យពេក ភ្លាមនោះដែរ ក្រោយពីភ្ញាក់ផ្អើលដល់កូនៗកំពុងដេក រូបគាត់និងកូនស្រី៣នាក់ទៀត បាននាំគ្នាចាប់ជនសង្ស័យ ដោយម្នាក់ចាប់ដៃ ម្នាក់ចាប់ជើង ហើយខ្លះចាប់បោចសក់។ ពេលនោះជនសង្ស័យក៏ភ្ញាក់ដឹងខ្លួនឡើង បានវាយទៅលើម្តាយនិងកូនស្រី២នាក់ទៀត បណ្តាលឲ្យរងរបួសស្រាលៗផងដែរ។
ប្រភពបន្ដថា កន្លងមកកាលពីជាងកន្លះខែមុនជនសង្ស័យម្នាក់នេះ ក៏ធ្លាប់មកពួនសម្ងំលួចមើលកូនស្រីគាត់ឈ្មោះម.ច.ណ ដែលនៅលីវផ្លាស់សម្លៀកបំពាក់ងូតទឹករួចម្ដងហើយ។ កាលនោះនាងខឹងបានទាញកាំបិតគំរាមដេញកាប់ទាំងយប់រត់បាតជើងសព្រាត មកដល់ពេលនេះគេបានប៉ុនប៉ងមកចង់ចាប់រំលោភលើកូនស្រីគាត់ទៀត តែដោយសារជនសង្ស័យស្រវឹងដេកលង់លក់ភ្លេចខ្លួន ទើបបែកការពួកគាត់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដងទៅ។
បើតាមសម្ដីស្ដ្រីជាប្រពន្ធជនសង្ស័យ ឈ្មោះសុខ រ៉ាន់នី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះមើលថែកូនខ្ចី បាននិយាយថា មុនពេលកើតហេតុនៅម៉ោង៧ និង ៣០ល្ងាចប្តីរបស់គាត់បានសុំលុយគាត់ចំនួន១០ដុល្លារ ដើម្បីទៅផឹកស៊ីជាមួយបងប្អូនគាត់ ចាប់តាំងពីពេលនោះមកបាត់ប្ដីឈឹង មិនដឹងទៅណាមកណា តែគាត់ស្មានថារវល់ផឹកស៊ីជាមួយគេបាត់ហើយ មិននឹកស្មានថាគាត់ផឹកស្រវឹងរួចចូលដេកច្រឡំផ្ទះចឹងសោះ។ ពេលនេះជនរងគ្រោះ និងក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕
Post a Comment