ធ្វើប៉ូលិស៣០ឆ្នំាបានត្រឹមស័ក្តិ៣ បា្រប់កូនកុំឲ្យចូលប៉ូលិស
ប៉ូលិសចរាចរណ៍ម្នាក់បានអះអាងថាខ្លួនចូលបម្រើការងារជាប៉ូលិសក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៨៧ ដែលគិតមកដល់ឆ្នាំ២០១៧នេះមានរយៈពេល៣០ឆ្នាំហើយ ហើយលោកមានឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ខណៈក្មេងជំនាន់ក្រោយទើបចូលបាន១ឆ្នាំ ឬ២ឆ្នាំ ឬលើសនេះពាក់សុទ្ឋតែផ្កាយ (ថ្នាក់ឧត្តមសេនីយ៍) ។
នៅក្នុងបទសម្ភាសន៍(មិនដឹងថាជាមួយអ្នកសារព័ត៌មាន ឬក៍ជាមួយផ្នែកណានោះទេ)ខ្លីមួយ និងត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងសប្តាហ៍នេះ គេឮបុរសនោះនិយាយត្អូញត្អែរទៀតថា លោកជិតដល់អាយុចូលនិវត្តន៍ហើយ ហើយលោកក៍បានផ្តាំផ្ញើកូនៗ កុំឲ្យចូលបម្រើការងារជាប៉ូលិសដូចលោកទៀត ព្រោះលោកធ្វើការ៣០ឆ្នាំ បានទទួលយសស័ក្តិប៉ុនហ្នឹង ដោយមិនមានការឡើងស័ក្តិ ឬ តំណែង តែបើប័ណ្ណសរសើរពីអង្គភាព ឬស្ថាប័នផ្សេងៗដែលពាក់ព័ន្ឋនឹងចរាចរណ៍ជំនាញលោកនោះវិញស្ទើរតែរាប់ភ្លេច ។
យ៉ាងណាក៍ដោយ នៅក្នុងឃ្លីបវីដេអូដែលគេថតមិនបង្ហាញមុខនិងបង្ហោះនៅលើហ្វេសប៊ុក( Facebook)នោះ មិនបានបញ្ជាក់ថាតើលោកប៉ូលិសចរាចរណ៍នោះនៅអង្គភាព ឬ មានតួនាទីអ្វីនោះទេ គ្រាន់តែឃើញថតស្លាកឈ្មោះ(អង្រុតសុំមិនបញ្ចេញឈ្មោះ)និងអត្តលេខតែប៉ុណ្ណោះ ។
លោកប៉ូលិសចរាចរណ៍នោះក៍បានបញ្ជាក់ទៀតថា លោកមិនតូចចិត្តទេ ព្រោះលោកជិតចូលនិវត្តន៍ហើយ ហើយក៍មិនច្រណែននឹងក្មេងៗជំនាន់ក្រោយដែលពាក់ផ្កាយនោះដែរ ព្រោះក្មេងនោះគេមានចំណេះដឹងនិងជំនាញផ្សេងៗ ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីក្រសួងមហាផ្ទៃ ពិសេសលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន ជុំវិញការលើកឡើងរបស់លោកប៉ូលិសចរាចរណ៍ខាងលើនេះ ។
សូមបញ្ជាក់ថា មកដល់ពេលនេះ នៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួនតូច ជំងឺ ឬ ក៍អព្ភូតហេតុ«កូនកើតមុនឪ ពរតាដើរលេង»នេះ នៅតែកើតមាននៅឡើយ ហើយកន្លងមកបើនិយាយដាច់ដោយឡែកពីកងកម្លាំងប្រដាប់អាវុធវិញ មានមន្ត្រីខ្លះបម្រើការងារតស៊ូតាំងពីឆ្នាំ១៩៧៩ ឬក្រោយនេះបន្តិចបន្តួច ទទួលបានត្រឹមស័ក្តិ២ ឬ ៣ ហើយដល់អាយុចូលនិវត្តន៍ល្មម ខណៈកូនអ្នកមានអំណាចខ្លះនិងកូនៗមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទើបចូលធ្វើការបាន១ឆ្នាំ ឬ២ឆ្នាំ ពាក់ផ្កាយគឺចាប់ពីផ្កាយ១ដល់ផ្កាយ៣ និងមានតួនាទីជាអគ្គនាយករង មេបញ្ជាការ ឬ មេបញ្ជាការរង ប្រធាននាយកដ្ឋានជាដើម ៕
ប្រភព៖https://angrut.com/archives/23817
Post a Comment