ស្រក់ទឹកភ្នែក! សិស្សពូកែវ័យ ១២ឆ្នាំ ដាច់ចិត្តសរសេរសំបុត្រផ្ញើឲ្យគ្រូ សុំផ្អាកការសិក្សា ដើរស៊ីឈ្នួលគេរកប្រាក់ជួយព្យាបាល ជំងឺតម្រង់នោមម្តាយ!
ចិន៖ ក្មេងប្រុសអាយុទើបតែ១២ឆ្នាំម្នាក់ រស់នៅក្នុងខេត្តហឺណាន ប្រទេសចិន សុខចិត្តសុំគ្រូផ្អាកការសិក្សាមួយរយៈ ដើម្បីដើរស៊ីឈ្នួលគេ យកប្រាក់មកជួយព្យាបាលជំងឺម្តាយ ដែលកំពុងតែដង្ហោយហៅរកជំនួយ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត។
កុមារាខាងលើនេះមានឈ្មោះថា Gu Guang Zhao អាយុ១២ឆ្នាំ ជាសិស្សនៃសាលាអនុវិទ្យាល័យមួយកន្លែងក្នុងខេត្ត បានសម្រេចិត្តសរសេរសំបុត្រមួយច្បាប់ ផ្ញើជូនទៅឲ្យគ្រូរបស់គេ សុំផ្អាកការសិក្សាបណ្ដោះអាសន្នរយៈពេលមួយឆ្នាំ ដើម្បីឆ្លៀតពេលរកប្រាក់ជួយព្យាបាលជំងឺតម្រង់នោមម្តាយ។
ម្តាយរបស់ Gu ត្រូវបានគេដឹងថា មានវ័យ៤០ឆ្នាំ បច្ចុប្បន្នជំងឺរបស់គាត់ គឺស្ថិតក្នុងស្ថានភាពដុនដាបជាខ្លាំង ខណៈខាងគ្រូពេទ្យអះអាងថា ត្រូវតែធ្វើការវះកាត់ផ្លាស់ប្តូរតម្រង់នោមចេញ ទើបម្តាយរបស់ Gu អាចរស់រានមានជីវិតបន្តបាន។ ចំពោះការវះកាត់នេះដែរ ក៏ត្រូវចំណាយថ្លៃរហូតដល់ទៅ ៥០០,០០០យ័ន (ប្រហែលជាង ៧ម៉ឺនដុល្លារអារមេរិក) ឯណោះ។
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក កុមារា Gu ត្រូវបានគេរាយការណ៍ថា ជាសិស្សពូកែម្នាក់ប្រចាំសាលា ហើយគេក៏តែងតែទទួលបានរង្វាន់ ផ្សេងៗជាច្រើនពីសាលាផងដែរ ចំពោះសមិទ្ធផលនៃការសិក្សាដ៏ល្អរបស់គេ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី បន្ទាប់ពីដឹងថា ម្តាយរបស់គេអាចនឹងស្លាប់ ដោយសារជំងឺដ៏កាចសាហាវមួយនេះ ទីបំផុតកុមារាវ័យក្មេងរូបនេះ ក៏បានសម្រេចចិត្តផ្អាករៀនសិន ចេញរកការងារធ្វើតែម្តង។ រីឯឪពុករបស់ Gu ជាកម្មករសំណង់វិញ ក៏បានលាឈប់ពីការងារដែរ ដើម្បីមកជួយមើលថែទាំគ្រួសារ និងប្រពន្ធកូន។
ប្រភពដដែលបានឲ្យដឹងទៀតថា ជំងឺតម្រងនោមម្តាយរបស់ Gu ទើបតែកើតមានអស់រយៈពេលជាង ២ទៅ៣ឆ្នាំចុងក្រោយនេះទេ ធ្វើឲ្យបន្ទុកគ្រួសារក៏កាន់តែធ្លាក់ដុនដាប លុយកាក់ខំសន្សំរាប់ឆ្នាំក៏ត្រូវរលាយ ហើយថែមទាំងជំពាក់បំណុលគេ ១០០,០០០យ័ន (ប្រហែលជា១៥,០០០ដុល្លារអាមេរិក) ទៀត។
ក្រៅពីខិតខំដើរធ្វើការស៊ីឈ្នួល ជាអ្នកដកសណ្ដែកឲ្យគេជាមួយនឹងឪពុក បានប្រាក់បន្តិចបន្តួច ដើម្បីប្រមែប្រមូលលើថ្លៃព្យាបាលជំងឺម្តាយ កុមារាតស៊ូរូបនេះ ថែមទាំងស្ម័គ្របរិច្ចាគតម្រងនោមខ្លួនឯង ដើម្បីជួយសង្គ្រោះជីវិតម្តាយគេទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេមិនច្បាស់ថាតម្រង់នោមរបស់ Gu អាចត្រូវគ្នាជាមួយនឹងម្តាយគេ ឬយ៉ាងណានោះទេ។
អ្នកនិយមលេងបណ្តាញសង្គមនៅចិនជាច្រើន ក្រោយបានដឹងរឿងរ៉ាវរបស់ Gu រួចមក បានសម្តែងភាពក្រៀមក្រំ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់ Gu ដែលមានចំពោះម្តាយរបស់គេ។
ជាពិសេស ពួកគេថែមទាំងបានបង្កើតជាមូលនិធិមួយ ដើម្បីជួយដល់គ្រួសាររបស់ Gu ដោយសរុបកាលពីថ្ងៃអង្ការ ទី៣១ តុលា ម្សិលមិញនេះ បានចំនួន ៥០០,០០០យ័ន ឬស្មើនឹង ៧៥,៣៦៤ដុល្លារអាមេរិក គ្រប់គ្រាន់សមល្មមសម្រាប់ថ្លៃវះកាត់ ផ្លាស់ប្តូរតម្រង់នោមបាន។
អ្នកលេងអ៊ីនធើណែតជាច្រើនសរសេរបញ្ចេញមតិថា ស្រ្តីជាម្តាយខាងលើនេះ ពិតជាសំណាងណាស់ ដែលមានកូនប្រុសប្រកបដោយគន្លងធម៌បែបនេះ។ ស្របពេលដែរ កុមារា Gu ឆ្លើយតបវិញថា នៅពេលដែលគេធំឡើង គេនឹងខំប្រឹងរកប្រាក់ដើម្បីផ្តល់ជូនសប្បុរសធម៌ ដែលបានជួយបរិច្ចាគមកលើគ្រួសារគេវិញ នៅថ្ងៃណាមួយវិញផងដែរ ៕
Post a Comment