ពិតជាមិនធម្មតាមែន! រយៈពេល១០ខែ ឆ្នាំ២០១៧នេះ ភ្ញៀវអន្តរជាតិជិត២លាននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង៨៤លានដុល្លារ!
សៀមរាប)៖ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរអន្តរជាតិជិត២លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង៨៤លានដុល្លារអាមរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់់គ្រឹះស្ថានអង្គរដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ០១៧នេះ។
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា សម្រាប់រយៈពេល១០ខែ ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩៤០,៥៧៣នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ខែតុលា បើធៀបនឹងរយ:ពេល១០ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.២៥%។ សម្រាប់ចំណូលសរុបបានចំនួន ៨៤,២១៥,០១៤ដុល្លារអាមេរិក មានការកើនឡើង ៧១.៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
ដោយឡែកសម្រាប់រយៈពេល១ខែ តុលា ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិចំនួន១៨៧,៥៦០នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១៣.៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ និងទទួលបានចំណូល ៨,៥១៥,៥២០ដុល្លារ មានការកើនឡើង៨១.៧៨ភាគរយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មីនេះ ក្នុងរយៈពេល៩ខែ ចាប់ពីខែកុម្ភៈ ដល់តុលា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានបដិភាគនូវចំណូលចំនួន ៣,៣០៧,០៦៤ដុល្លារ ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ការពិនិត្យ ព្យាបាល និងសង្រ្គោះអាយុជីវិតកុមារកម្ពុជា។
ការផ្ដល់ជូនថវិកានេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀត របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួល នូវបញ្ហាហិរញ្ញវត្ថុ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា៕
ប្រភព : freshnews
Post a Comment