ឈ្មួញយួនចង់បានដើមរាំងភ្នំ២ដើមក្នុងវត្ត ប្រើមន្ត្រីខ្មែរឲ្យជួយទិញ
ខេត្តកំពត ៖ គេសង្កេតឃើញថា នារយៈកាលចុងក្រោយនេះ ក្រុមឈ្មួញយួនដើររកទិញដើមឈើក្នុងស្រុកយ៉ាងសកម្មដូចជាដើមពោធិ៍ ដើមជ្រៃ និងដើមរាំងគ្រប់ភេទ ចាប់ផ្ដើមកម្រើកឡើងវិញហើយ ។ ជាក់ស្ដែងដើមរាំងភ្នំ២ដើមធំៗ នៅក្នុងបរិវេណវត្តអង្គរសុភី ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានឈ្មួញតថ្លៃទិញយក ។
បើតាមលោកតា អ៊ុន អ៊ឹង អាយុ៧៦ឆ្នាំ ជាគណៈកម្មាធិការអាចារ្យវត្តអង្គរសុភី បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ២០១៧ នេះថា ដើមរាំងធំៗ២ដើមនៅក្នុងវត្ត ពិតជាមានគេមកតថ្លៃមែន ដោយកន្លងមកក្រុមឈ្មួញគេឲ្យថ្លៃក្នុងដើមរាំងមួយដើមៗ តម្លៃ១ពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក ។ ប៉ុន្តែទោះបីជាពួកឈ្មួញមកសួរនាំរឿងទិញដើមរាំងនេះក្ដី ក៏គ្មានអ្នកណាហ៊ានលក់អោយដែរ ពីព្រោះដើមរាំងនោះ ជារបស់វត្ត ម្យ៉ាងទៀតបើលក់អាចមានឈ្មោះអាក្រក់សម្រាប់វត្ត ។ ពិសេសដើមរាំងភ្នំដែលគេចាត់ទុកថា ជាដើមឈើដ៏កម្រ ជាងនេះទៅទៀតផ្កាដ៏ស្រស់ស្អាតរបស់វាចោលក្លិនឈ្ងុយឈ្ងប់ ហើយអាចបេះយកទៅហាលធ្វើជាថ្នាំបានទៀតផង ។ ទោះជាបែបណាទុកថាអ្នកទិញដើមរាំង និងដើមធ្នង់ច្រើនតែជនជាតិវៀតណាម តែប្រើឲ្យមន្ត្រីខ្មែរជាអ្នករត់ការមកចរចាដើរទិញ ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ដើមឈើធំៗក្នុងស្រុកដែលមន្ត្រីខ្មែរមកទិញបានហើយដឹកយកទៅលក់ឱ្យឈ្មួញវៀតណាម ហើយរាល់សកម្មភាពដែលពួកគេអាចដឹកជញ្ជូនទៅបានជាប្រចាំនោះ គឺមិនមានសមត្ថកិច្ចណាមួយចេញមកធ្វើការហាមឃាត់នៅឡើយទេ ដោយពួកឈ្មួញបានប្រើរូបភាពមានច្បាប់អនុញ្ញាតពីអាជ្ញាធរត្រឹមត្រូវ ដោយអះអាងថា យកទៅដាំនៅតាមលំនៅឋានរបស់ខ្លួននៅក្នុងស្រុកទៅវិញ ។
ទោះបីជាយ៉ាងនេះក្តី បើពិនិត្យមើលលើការដឹកជញ្ជូនដើមរាំងនោះ គឺគេឃើញមានសុទ្ឋតែបុរសជនជាតិវៀតណាមជាអ្នកដឹកជញ្ជូញទៅវិញ ។ បើតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ដើមរាំងបឹងដែលបានអនុញ្ញាតឱ្យក្រុមជនទាំងនេះដឹកជញ្ជូននោះគឺមិនមែនយកទៅដាំនៅលំនៅឋានទេ គឺយកទៅលក់នៅព្រំដែនយួន ។
ប្រជាពលរដ្ឋដែលមានទីលំនៅតាមជនបទនិយាយថា បច្ចុប្បន្ននេះមានក្រុមឈ្មួញមួយចំនួនបាននាំគ្នាដើររុករកទិញដើមឈើក្នុងស្រុកធំៗ ដែលដុះនៅក្នុងភូមិ ឬតាមស្រែចំការដូចជាដើមរាំងទឹក រាំងបឹង រាំងភ្នំ ដើមពោធិ៍ ដើមធ្នង់ ដើមជ្រៃ ដោយហ៊ានឱ្យក្នុងតំលៃខ្ពស់ ដែលពួកគាត់អាចទទួលយកបាន ។
គេនៅចាំបានថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩ កន្លងមក មហាជននៅក្រុងតាខ្មៅមានការងឿងឆ្ងល់គ្រប់ៗគ្នា បន្ទាប់ពីអាជ្ញាធរសង្កាត់តាខ្មៅគាស់ដើមរាំងភ្នំពីរដើមដែលមានអាយុមិនតិចជាង៤០ឆ្នាំចេញពីចំណុចជ្រុងខាងត្បូងជាប់សួនច្បារក្រុងតាខ្មៅ ដើម្បីនាំចេញទៅស្រុកយួន ដើមរាំងភ្នំមួយដើមលក់បានតំលៃ៣,៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងចំណោមដើមរាំងភ្នំពីរដើមមានមួយដើមនៅមាន វាសនាស្ថិតក្នុងស្រុកខ្មែរ គឺត្រូវគេគាស់ដឹកតាមរថយន្ដយកទៅលក់ឱ្យម្ចាស់ សួន យី ហោលីលី នៅគល់ស្ពានជ្រោយចង្វាត្រើយ ខាងកើត ដែលជាកន្លែងទិញចូលលក់ចេញដើមឈើដើមផ្កាគ្រប់ប្រភេទ ៕
ប្រភព៖https://angrut.com/archives/23545
Post a Comment