បុរសម្នាក់អះអាងថាខ្លួនបានយកដាវសាម៉ូរៃ ប្រយុទ្ធតទល់នឹងមនុស្សក្រៅភព (មានវីដេអូ)



អាមេរិក៖ វាជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ ដែលបុរសម្នាក់បានអះអាងថាខ្លួនបានយកដាវសាម៉ូរៃ មកប្រយុទ្ធតទល់នឹងមនុស្សក្រៅភពរូបរាងចម្លែក ក្នុងបំណងការពារខ្លួនឯង និងភរិយា។ នេះបើយោងតាមសារព័ត៌មាន ដេលីស្តារ របស់ចក្រភពអង់គ្លេសបានចុះផ្សាយ កាលពីថ្ងៃទី៣០ តុលា ២០១៧។

បុរសម្នាក់នេះត្រូវបានគេស្គាល់ថា John Edmonds រស់នៅក្នុងរដ្ឋ អារីហ្សូន នៃសហរដ្ឋអាមេរិក។ លោក John បានឲ្យដឹងថា នៅក្នុងបរិវេណគេហដ្ឋានរបស់លោក គឺពោពេញទៅដោយរឿងរ៉ាវជាច្រើនសែនចម្លែកព្រឺព្រួច នឹកស្មានមិនដល់។
អាចនៅចាំបាន លោក និង ភរិយា បានសម្រេចចិត្តទិញគេហដ្ឋានមួយកន្លែង កាលពីឆ្នាំ ១៩៩៥ ដែលគេហដ្ឋាននោះមានអាងហែលទឹកដ៏ធំមួយ ព្រមទាំងមានផ្ទៃក្រឡារហូតដល់ទៅ ៣២៥ម៉ែត្រការ៉េឯណោះ។ លោកថែមទាំងបានគិតក្នុងចិត្តថា លោក និងភរិយា នឹងអាចរស់នៅប្រកបដោយដោយសេចក្តីសុខ និងសុភមង្គល តែផ្ទុយទៅវិញ ពួកគាត់ហាក់ទទួលអារម្មណ៍ចម្លែកម៉្យាង តាំងពីថ្ងៃដំបូងមកម្ល៉េះ។  

ជារឿងនឹកស្មានមិនដល់ ដែលនៅថ្ងៃមួយ ស្រាប់តែលេចចេញនូវពួកមនុស្សក្រៅភពគួរឲ្យខ្លាចជាច្រើននាក់ បំណងចាប់ភរិយារបស់លោកយកចូលក្នុងថាសហោះ បណ្តាលឲ្យលោកភ័យស្លន់ស្លោជាខ្លាំង រួចក៏ទាញដាវសាម៉ូរៃ មកប្រយុទ្ធតទល់នឹងពួកវា ព្រមទាំងបានកាប់ត្រូវមនុស្សក្រៅភពអស់ទាំងនោះប្រមាណ ១៩នាក់។

ដោយសារបែបនេះហើយ លោក និងភរិយា ក៏សម្រេចចិត្តប្រកាសលក់គេហដ្ឋាននោះចោល ដើម្បីសុវត្ថិភាពទៅថ្ងៃមុខ។ 

មានមនុស្សមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការដាក់លក់មួយនេះ ប៉ុន្តែអ្នកឯទៀតក៏ភ័យរហូតដល់បាក់ស្បាត ព្រោះគេមិនហ៊ានប្រថុយជីវិត មករស់នៅកន្លែងនោះឡើយ។ នេះបើយោងទៅតាមប្រសាសន៍របស់ លោកស្រី Kimberly Gero ដែលជាភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យមួយកន្លែង។
ទោះយ៉ាងណា រឿងរ៉ាវដ៏ចម្រូងចម្រាស់មួយនេះ គ្រាន់តែជាការអះអាងរបស់លោក John Edmonds តែប៉ុណ្ណោះ ពោល គឺគ្មានភស្តុតាងបែបវិទ្យាសាស្ត្រត្រឹមត្រូវណាមួយ យកមកសំអាងថា មនុស្សក្រៅភពពិតជាមានមែន ឬអត់នោះឡើយ៕








សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព : khmerload

No comments