រត់ចោលផ្ទះជាង ៣០ ឆ្នាំ ព្រោះខឹងម្តាយពិការភ្នែកម្ខាង នាំក្តីអាម៉ាស់មកខ្លួន...ក្រោយពេលរៀបចប់ក្រៅប្រទេស និងមានប្រពន្ធកូន មានទ្រនំធំរស់នៅ...ម្តាយមកជួប ស្រាប់តែ...
ម្តាយរបស់កក្កដាមានភ្នែកតែម្ខាងប៉ុណ្ណោះ។ កក្កដាស្អប់ម្តាយខ្លួនឯងដល់ឆ្អឹង...ព្រោះពិការភាពរបស់គាត់ធ្វើឱ្យកក្កដាខ្មាស់មិត្តរួមថ្នាក់ជាខ្លាំង។ ម្តាយរបស់កក្កដាលក់ចំណីកំប៉ិចកំប៉ុកសម្រាប់សិស្សនិងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់គ្រួសារ។
ថ្ងៃមួយម្តាយរបស់កក្កដាបានមកអើតមើលកូនគាត់ដល់ថ្នាក់រៀន ហើយនិយាយសួស្តីមករកកូនគាត់។ កក្កដា ពេលនោះមានអារម្មណ៍ខ្មាស់គេជាខ្លាំង ដែលមានម្តាយខ្វាក់ភ្នែកម្ខាង។
ពេលដល់ម៉ោងចេញលេង កក្កដាបានសួរម្តាយខ្លួនឯងថា "ម៉ែម៉េចក៏ធ្វើបែបនេះដាក់ខ្ញុំ?" រួចកក្កដាក៏បង្ហាញទឹកមុខស្អប់ម្តាយខ្លួនជាខ្លាំង ហើយក៏រត់គេចមុខគាត់បាត់ឈឹង។ នៅថ្ងៃបន្ទាប់ មិត្តរួមថ្នាក់របស់កក្កដាបានចម្អកឱ្យកក្កដាថា "នែ៎អាកូនរបស់មីខ្វាក់" ហើយពួកគេនាំគ្នាសើចគិលពេញថ្នាក់រៀន។
កក្កដាមានអារម្មណ៍ខ្មាស់គេជាខ្លាំង និងចង់កប់ខ្លួនឯងក្នុងព្រះធរណី កុំឱ្យគេឃើញរូបខ្លួនតទៅទៀត។ ពេលទៅដល់ផ្ទះ កក្កដាបានប្រាប់ទៅម្តាយបង្កើតថា "ខ្ញុំចង់ឱ្យម៉ែឯងបាត់ស្រមោលពីផែនដីនេះ។ បើម៉ែចេះតែធ្វើឱ្យគេសើចចម្អកឱ្យខ្ញុំរាល់ថ្ងៃអ៊ីចឹង ម៉េចក៏ម៉ែឯងមិនស្លាប់ឱ្យបាត់ទៅ?"។
ម្តាយកក្កដាមិនបានឆ្លើយតបសូម្បីមួយម៉ាត់...កក្កដាពេលនោះមិនបានគិតវែងឆ្ងាយទេ នូវអ្វីដែលខ្លួនបាននិយាយ ព្រោះរូបគេកំពុងពោរពេញដោយកំហឹង។
ថ្ងៃមួយ កក្កដាបានប្រាប់ម្តាយខ្លួនថា "ខ្ញុំចង់ចាកចេញពីផ្ទះនេះ ខ្ញុំលែងមានអ្វីពាក់ព័ន្ធជាមួយម៉ែឯងទៀតហើយ។ ដូច្នេះធំឡើងខ្ញុំនឹងខិតខំរៀនឱ្យពូកែ រកឱកាសរៀននៅក្រៅប្រទេស មិនឱ្យជួបមុខម៉ែឯងទៀតទេ ខ្ញុំខ្មាស់គេណាស់"។
បន្ទាប់ពីបញ្ចប់ការសិក្សាក្រៅប្រទេស និងមានការងារល្អធ្វើរួចហើយនោះ កក្កដាបានរៀបការប្រពន្ធ ទិញផ្ទះធំមួយ និងមានកូន ២ នាក់។ កក្កដាពិតជារីករាយនឹងជីវិតខ្លួនណាស់ ដែលរស់នៅមានសុភមង្គល ក្នុងទ្រនំស្រណុកសុខស្រួល។ ប៉ុន្តែថ្ងៃមួយ ម្តាយរបស់កក្កដាបានរកឃើញអាសយដ្ឋានរបស់កក្កដា ហើយគាត់បានមកលេងកូនដែលបែកគ្នាជាង ៣០ ឆ្នាំ។
នៅពេលម្តាយកក្កដាឈរនៅមាត់ទ្វារ កូនៗរបស់កក្កដានាំគ្នាសើចចម្អកឱ្យគាត់ ហើយស្រែកប្រាប់ឱ្យគាត់ចាកចេញពីផ្ទះពួកគេឱ្យឆាប់។ កក្កដាក៏មិនណយដែរ បានប្រើសម្តីប្រមាថស្រែកដេញម្តាយឱ្យចេញពីផ្ទះយ៉ាងដូច្នេះ "ម៉េចក៏ថ្លើមធំមកផ្ទះគេដោយមិនបានអញ្ជើញអ៊ីចឹង ឆាប់ចេញភ្លាម អ្នកឯងកំពុងបន្លាចកូនយើងហើយ"។
ម្តាយបានឆ្លើយតបដោយសំឡេងខ្សោយៗយ៉ាងដូច្នេះ "ឱ្យមីងសុំទោស។ មីងច្រឡំអាសយដ្ឋានហើយ"។ ហើយគាត់ក៏ចាកចេញបាត់ស្រមោលសូន្យឈឹង។
ប្រហែលជា ១០ ថ្ងៃក្រោយ លិខិតរបស់សាលាបឋមសិក្សាដែលម្តាយកក្កដាប្រកបរបរលក់ដូរកំប៉ិចកំប៉ុកបានប្រគល់ដល់ផ្ទះរបស់កក្កដា។ សំបុត្រនោះ គឺសាលាអញ្ជើញកក្កដាឱ្យចូលរួមពិធីជួបជុំគ្នារវាងឪពុកម្តាយនិងកូន ហើយកក្កដាបានកុហកប្រពន្ធថា ជាប់រវល់ពេញមួយថ្ងៃ ដើម្បីទៅខេត្តបំពេញការងារ។ កក្កដាធ្វើដូច្នេះ ព្រោះចង់ដឹងថាហេតុអ្វីនៅសុខៗសាលាដែលមិនធ្លាប់ជាប់ទាក់ទងនឹងខ្លួនសោះ ផ្ញើលិខិតមកខ្លួន ហើយស្គាល់អាសយដ្ឋានច្បាស់យ៉ាងនេះ។
ពេលទៅសល់សាលា គ្រូៗនិងអ្នកជិតខាងបានប្រាប់ថា ម្តាយកក្កដាបានលាចាលោកទៅហើយ។ ប៉ុន្តែកក្កដាមិនបានស្រក់ទឹកភ្នែកសូម្បីមួយតក់ រហូតដល់នាយកសាលាប្រគល់សំបុត្រមួយរបស់ម្តាយបន្សល់ទុក ទើបកក្កដាចាប់ផ្តើមហូរទឹកភ្នែកទប់លែងជាប់។
ក្នុងសំបុត្រនោះមានខ្លឹមសារដូច្នេះ ៖
ជូនចំពោះកូនមាសម្តាយ
ម៉ែគិតពីកូនគ្រប់ពេល។ ម៉ែសុំទោស ដែលទៅផ្ទះកូនដោយមិនបានប្រាប់ និងបន្លាចចៅៗ។
ពេលកូនកំពុងអានសំបុត្រនេះ ម៉ែប្រហែលជាមិននៅលើលោកនេះទៀតទេ។ ម៉ែសុំទោស ដែលម៉ែតែងតែជាក្តីអាម៉ាសរបស់កូន នៅពេលកូនធំដឹងក្តី។
កូនដឹងទេ...នៅពេលកូននៅតូច កូនបានជួបគ្រោះថ្នាក់ពិការភ្នែកម្ខាង។ ក្នុងនាមជាម្តាយ ម៉ែមិនអាចទ្រាំមើលកូនធំឡើងជាមួយភ្នែកម្ខាងបានឡើយ។ ដូច្នេះម៉ែបានបរិច្ចាគគ្រាប់ភ្នែកម្ខាងឱ្យទៅកូន។
ម៉ែមានមោទនភាពណាស់ដែលកូនអាចមើលឃើញពិភពលោកទាំងមូលជំនួសម៉ែ ជាមួយនឹងគ្រាប់ភ្នែករបស់ម៉ែ។
ស្រឡាញ់កូនជានិច្ចអស់ពីបេះដូង!!!៕
Post a Comment