បុរសម្នាក់ដាំដើមឈើ ១ថ្ងៃ១ដើម ៤០ឆ្នាំក្រោយ ទទួលលទ្ធផល គួរឲ្យភ្ញាក់ផ្អើល
បុរសជនជាតិឥណ្ឌាម្នាក់ មានឈ្មោះថា Jadav Payeng កំពុងរស់នៅលើកោះទន្លេធំបំផុតលើពិភពលោក ឈ្មោះ Majuli ស្ថិតនៅកណ្តាលទន្លេ Bramaputra River នៃប្រទេសឥណ្ឌា ដែលហូរកាត់ប្រទេសចិន ឥណ្ឌា និង បង់ក្លាដេស។
ក្នុងរយៈពេលប៉ុន្មានសតវត្សចុងក្រោយនេះ កោះឥណ្ឌាមួយនេះបានជួបប្រទះសំណឹកដីយ៉ាងធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ញឹកញាប់។ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលរដូវមូសុង ទន្លេនេះបានបំផ្លាញផ្ទះ និង កសិដ្ឋានជាច្រើន រួមទាំងដីរាប់រយគីឡូម៉ែត្រការ៉េទៀតផង។
ចាប់តាំងពីឆ្នាំ ១៩១៧ មក កោះខាងលើបានបាត់បង់ដីជាងពាក់កណ្ដាលទៅហើយ ដោយសារតែសំណឹកដី។ ទោះជាយ៉ាងណា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ លោក Payeng បានទប់ស្កាត់បញ្ហានេះ ដោយការដាំដើមឈើក្នុងមួយថ្ងៃមួយដើម ហើយរយៈពេលជាង ៤០ ឆ្នាំមកនេះ លោកបានដាំដើមឈើ រហូតដល់ទៅ ១ ៤០០ ហិកតាឯណោះ។
លោក Payeng បានបង្កើតព្រៃទាំងមូលទៅហើយ ដោយសត្វព្រៃមួយចំនួន ដូចជា រមាស ខ្លា និងដំរី ក៏បានមករស់នៅទីនោះផងដែរ។ បុរសជនជាតិឥណ្ឌារូបនេះ ត្រូវបានអតីតប្រធានាធិបតីឥណ្ឌា ដាក់រហស្សនាមឲ្យថា «Forest Man of India»។
«ខ្ញុំបានដាំអ្វីៗទាំងអស់ដោយខ្លួនឯង។ ដំបូងឡើយ ការដាំដុះត្រូវការចំណាយពេលច្រើន ប៉ុន្តែឥឡូវនេះ វាកាន់តែងាយស្រួល ព្រោះខ្ញុំទទួលបានគ្រាប់ពូជពីដើមឈើទាំងនោះផ្ទាល់»។ នេះបើតាមសម្ដី លោក Payeng។
បុរសឥណ្ឌារូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ចាប់តាំងពីវាក្លាយជាព្រៃក្រាស់មក មានសត្វដំរីចំនួន ១១៥ ក្បាល បានមករស់នៅទីនោះ រយៈពេល ៣ ខែក្នុង ១ ឆ្នាំ ហើយក៏មានសត្វក្ដាន់ រមាស និងខ្លាជាច្រើនក្បាលផងដែរ៕
Post a Comment