ជំនៀងផ្ទះខ្មែរជំនៀងផ្ទះចិនមានរូបរាងដូចម្ដេចបានជួយអ្វីខ្លះហើយគោរពបែបណាតាកំប៉ោង និង តាពុកមាត់មានប្រវត្តិមកពីណា ?
បារមីជំនៀងផ្ទះដែលប្រជាពលរដ្ឋខ្មែរយើងមានជំនឿនោះ ពុំមានការកំណត់សម្គាល់រូបរាងដូចៗគ្នានោះទេ ហើយក៏ពុំមានរូបសំណាកណាមួយសំរាប់ជាការកត់សម្គាល់ជាជំនៀងផ្ទះជាអ្នកកំណត់នោះដែរ។ ហើយទោបីជាម្ចាស់ផ្ទះនីមួយៗមានជំនឿថា មានបារមីជំនៀងផ្ទះស្ថិតនៅក្នុងផ្ទះក៏ដោយ ក៏គេពុំដែលប្រទះឃើញម្ចាស់ផ្ទះបានរៀបចំអសនៈសំរាប់ជាគ្រឿងរណ្ដាប់បូជាដល់បារមីជំនៀងផ្ទះនោះទេ។
ខ្មែរយើងបានកត់សម្គាល់រូបរាងជំនៀងផ្ទះតាមបែបខុសៗគ្នាទៅតាមការយល់សប្ដិឃើញតែរៀងៗខ្លួន ដូចជាអ្នកខ្លះយល់សប្ដិឃើញជំនៀងផ្ទះជាប្រុសឬក៏ស្រីមានមាឌធំខ្មៅក្រអាញ និងថែមទាំងមានកាន់ឧបករណ៍ផ្សេងៗដូចជាកាំបិត ពូថៅ ឬដាវជាដើម។ ចំពោះជនជាតិខ្មែរកាត់ចិនវិញ គេក៏ជឿថាមានជំនៀងផ្ទះដែរ តែតាមលក្ខណៈចិនមិនដូចខ្មែរទេ គឺឃើញមានការរៀបចំអាសនៈ ម្ចាស់ទឹកម្ចាស់ដីដែលមានរូបសំណាកជាបុរសសក់វែងមានពុកមាត់ និងមួយទៀតរូបតាកំប៉ោង។
លោកតា មាស សុខ អាយុ៥៩ឆ្នាំ គ្រូទាយនៅម្ដុំវត្តស្រះចក ដែលចិនៗតែងទៅពឹងពាក់ឲ្យគាត់ជួយរៀបចំទីអាសនៈជំនៀងផ្ទះរបៀបផ្ទះចិន បានពន្យល់ប្រាប់ថា រូបភាពដែលគេឃើញមានបុរសពីរនាក់ គឺរូបមួយសក់វែង មានពុកចង្ការផង ហើយដៃកាន់ដុំប្រាក់នោះ មានឈ្មោះថា លោកតាម្ចាស់ស្រុកដែលមានតួនាទីជាអ្នករក្សាទឹកដីភូមិស្រុករបស់ម្ចាស់ផ្ទះ។ ចំណែកតាកំប៉ោងវិញ មានតួនាទីថែរក្សាជួយមើលការខុសត្រូវឲ្យម្ចាស់ផ្ទះ ហើយក៏ជាអ្នករកលាភសំណាងឲ្យម្ចាស់ផងដែរ។ ជាធម្មតាម្ចាស់ផ្ទះដែលប្រកបអាជីវកម្ម ពេលព្រឹកឡើងគេច្រើនរៀបសែនដល់ពួកគេទាំងពីរនូវទឹកតែចំនួន៥ពែងតូចៗ កាហ្វេខ្មៅពីកែវ នាំចាខ្វៃ១គូ បារីអុជស្រេច១ដើមយកទៅដោតនឹងដៃរបស់គាត់ ហើយម្ចាស់ផ្ទះគេក៏មិនភ្លេចចាក់ក្រឡេកដល់តាកំប៉ោងរបៀបលេងសើចនឹងគាត់ជាលក្ខណៈស្និទ្ធស្នាល ដោយគេជឿថា ពួកគាត់នឹងនាំមកនូវលាភសក្ការៈដល់ម្ចាស់ផ្ទះ។
លោក មៀច ប៉ុណ្ណ ទីប្រឹក្សាអមវិទ្យាស្ថានពុទ្ធសាសនៈបណ្ឌិតបានពន្យល់របៀបខ្មែរវិញថា ជំនៀងផ្ទះ គឺជាទេវៈថ្នាក់ទាបមួយដែលខ្មែរភាគច្រើនជឿថា តែងតែស្ថិតនៅចាំថែរក្សាតាមបណ្ដាផ្ទះនីមួយៗ តែប្រសិនបើម្ចាស់ផ្ទះមិនគោរពប្រតិបត្តិចំពោះគេទេ ក៏មិនជាអ្វីដែរ។ បានន័យថាបើយើងមិនរកគេគេក៏មិនខ្ចីរាប់រកយើងវិញដែរ ពោលគេរស់នៅដោយគេ យើងរស់នៅដោយយើងទៅ។ ហើយប្រសិនបើសួរខ្ញុំថា តើធ្វើយ៉ាងដូចម្ដេចទើបបានដឹងថា ផ្ទះនោះមានជំនៀងផ្ទះ ឬក៏គ្មាននោះ ខ្ញុំពិបាកឆ្លើយដែរ ពីព្រោះយើងរស់នៅក្នុងពិភពពីរផ្សេងគ្នា។ គេមើលយើងឃើញ តែយើងពុំអាចមើលគេឃើញទេ។
លោក មៀច ប៉ុណ្ណ បានបន្ដថា យ៉ាងណាក៏ដោយខ្មែរយើងជឿថាជំនៀងផ្ទះនីមួយៗមានភារកិច្ចជួយថែរក្សាម្ចាស់ផ្ទះទ្រព្យសម្បត្តិក្នុងផ្ទះឲ្យគង់វង្ស សុខសប្បាយ កុំឲ្យមានចោរមកលួចមកប្លន់បាន។ ខ្ញុំលើកឧទាហរណ៍មួយកាលពីឆ្នាំ១៩៧០ ខ្ញុំចាំបានថា ឪពុកមាខ្ញុំម្នាក់ ដោយសារតែគាត់មានការគោរពជំនៀងផ្ទះបានយ៉ាងខ្ជាប់ខ្ជួន ក៏ស្រាប់តែយប់មួយមានចោរមួយក្រុមប្រុងមកលួចគោរបស់គាត់ ហើយក្នុងយប់នោះឪពុកមានរបស់ខ្ញុំគាត់ចេះតែរសាប់រសល់ដេកពុំលក់សោះ លុះដល់យប់ជ្រៅក៏ស្រាប់តែមានចោរលួចមួយក្រុមមានគ្នា៣-៤នាក់មករកលួចគោគាត់ៗឃើញស្រែកឆោឡោឡើង ហើយចោរក៏រត់អស់បាត់ទៅ។ឪពុកមារបស់ខ្ញុំគាត់ថា បារមីជំនៀងផ្ទះជួយគាត់ ទើបធ្វើឲ្យគាត់ដេកអត់លក់ក្នុងយប់ដែលមានចោរចូលលួចគោនោះ។
ចំពោះជំនឿគោរពទៅលើជំនៀងផ្ទះ និងគោរពព្រះពុទ្ធសាសនាមានការទាក់ទងគ្នាបែបណានោះ? លោក មៀច ប៉ុណ្ណ ពន្យល់ថា មុនដំបូងយើងត្រូវកំណត់ថា ជំនៀងផ្ទះគឺជាទេវៈមួយអង្គដែលមានឋានៈថ្នាក់ទាប។ ខ្មែរយើងមានជំនឿលើបញ្ហានេះពីយូរមកហើយ ប៉ុន្ដែរហូតមកដល់ពេលនេះវាបានវិវត្តន៍ព្រោះថា ពីដើមយើងគោរពទៅលើលទ្ធិព្រលឹងនិយម ។ លទ្ធិព្រលឹងនិយមជាលិទ្ធិដែលជឿថា ដូនតាយើងមួយចំនួនដែលបានស្លាប់ទៅ គឺព្រលឹងរបស់គាត់ស្ថិតនៅជាមួយកូនចៅក្នុងស្រុកក្នុងភូមិគាត់ពុំបានទៅណាទេ។
ទាក់ទងដល់សំណួរដែលសួរថា ហេតុអ្វីបានជាចិនៗគេចូលចិត្តថ្វាយផ្លែល្ពៅ ត្រឡាច និងចំណីផ្សេងៗនោះ? លោក មាស សុខ បានពន្យល់ថា នោះមកពីម្ចាស់ផ្ទះទាំងនោះគិតថា ជំនៀងផ្ទះរបស់ពួកគេចូលចិត្តបរិភោគនូវចំណីទាំងនោះ។ នៅពេលវេលានៃការចូលឆ្នាំជិតមកដល់ គេតែងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានខ្សែស្រឡាយកាត់ចិត្តចូលចិត្តផ្លាស់ប្ដូរជំនៀងផ្ទះណាស់ ដើម្បីកត់សម្គាល់ឲ្យឃើញថា ចូលឆ្នាំថ្មីមកដល់ ដូច្នេះគេត្រូវតែធ្វើទីអាសនៈជំនៀងផ្ទះថ្មី ។ អ្នកលក់អាសនៈជំនៀងផ្ទះ យីហោ ហ៊ាស្រ៊ាង ម្ដុំរោងកុនអង្គរ ក្រុងភ្នំពេញ បានពន្យល់ថា នៅវេលានេះយើងលក់មិនសូវដាច់ទេ តែបើជិតចូលឆ្នាំចិនវិញ គឺលក់ដាច់ណាស់ ហើយក្នុងអាសនៈជំនៀងផ្ទះមួយៗមានតម្លៃផ្សេងៗពីគ្នា ពោលគឺបើជំនៀងផ្ទះធ្វើពីស៊ីម៉ង់បិទឥដ្ឋការ៉ូធ្វើនៅស្រុកខ្មែរតម្លៃ១០ ទៅ១៥ដុល្លារ តែបើនាំចូលពីស្រុកចិន និងវៀតណាមវិញថ្លៃពី៣០ ទៅដល់៣០០ដុល្លារក៏មានដែរ តាមតូចតាមធំ៕ Cambodia Pictures. DNT News

Post a Comment