អ្នករស់នៅភ្នំពេញ ប្រឈមមុខនឹងជំងឺផ្លូវចិត្តខ្ពស់ជាងគេបំផុត រាល់ពេលកកស្ទះចរាចរណ៍ម្តងៗ ព្រោះពួកគេតែងតែ...
ក្នុងលោកនេះមានជំងឺរាប់សិបប្រភេទដែលគ្រូពេទ្យបានដឹង និងស្គាល់អំពីអាការនៃរោគដែលកើតមាននៅក្នុងសារពាង្គកាយមនុស្ស ហើយគេអាចធ្វើរោគវិនិច្ឆ័យដោយវេជ្ជសាស្ដ្រ។ ជំងឺខ្លះទៀតទោះបីជាគ្រូពេទ្យធ្វើការពិនិត្យហើយយ៉ាងណាក៏ដោយ ក៏នៅតែរកមិនឃើញមានជំងឺអ្វីនៅក្នុងខ្លួនមនុស្ស ប៉ុន្ដែមានជំងឺម្យ៉ាងហៅថាជំងឺផ្លូវចិត្ត ដែលមិនងាយនឹងធ្វើការព្យាបាលដូចជំងឺដ៏ទៃទៀតឡើយ។
ជំងឺផ្លូវចិត្តនេះបានកើតមានលើពលរដ្ឋកម្ពុជាជាង ៨០ភាគរយនៃចំនួនពលរដ្ឋកម្ពុជាសរុប ដែលរស់នៅ ក្រោយពីសង្គ្រាមជាងបីទសវត្សរ៍ត្រូវបានបញ្ចប់។
ជំងឺផ្លូវចិត្តនេះគឺកើតឡើងដោយមិនរើសវ័យឡើយ មិនថាមនុស្សចាស់ យុវវ័យ និងកុមារផងដែរ។ ដំបូងឡើងវាកើតក្នុងរូបភាពគ្រាន់តែជាបញ្ហាផ្លូវចិត្តតិចតួច ប៉ុន្តែបើអ្នកមិនចាប់អារម្មណ៍វាក្លាយមកជាជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ បើយោងទៅតាមសៀវភៅឌីអ៊ឺមអាយ (DMI) ផ្នែកចិត្តវិទ្យាបានបង្ហាញថា ជំងឺផ្លូវចិត្តមានច្រើនសណ្ឋានតាមបែបផែនខុសៗគ្នារាប់រយប្រភេទដូចជា ជំងឺធ្លាក់ទឹកចិត្ត បាក់ស្បាត ខ្សោយអារម្មណ៍ តក់ស្លត់ ជាដើម -ល-។
សព្វថ្ងៃនេះយើងសង្កេតឃើញថាមានមនុស្សជាច្រើនបានជួបប្រទះនឹងបញ្ហាផ្លូវចិត្តនៅក្នុងជីវិតរស់នៅបច្ចុប្បន្ន។ បញ្ហាផ្លូវចិត្តសំដៅទៅលើការប្រែប្រួលអារម្មណ៍ផ្លូវចិត្ត ជាភាពមិនប្រក្រតីខាងផ្នែកសតិអារម្មណ៍ និងអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ វាអាចកើតចេញពីភាពតានតឹងក្នុងអារម្មណ៍បរិស្ថានជុំវិញខ្លួន ឬដោយសារជួបប្រទះហេតុការណ៍អ្វីមួយដែលប៉ះទង្គិចផ្លូវចិត្តខ្លាំង។ នៅត្រង់ចំណុចនេះក៏មានមតិជាច្រើនចោទសួរចង់ដឹងថា៖ តើបញ្ហាកកស្ទះចរាចរណ៍អាចធ្វើឲ្យមនុស្សកើតជំងឺផ្លូវចិត្តដែរឬទេ? បើពេលកកស្ទះចរាចរណ៍ម្ដងៗ គឺមានការជាប់គាំងនៅមួយកន្លែងក្នុងរយៈពេលយូរនេះ ដោយមិនមានការកម្រើកទៅណាសោះ ក៏បង្កអោយមានការធុញថប់ក្នុងអារម្មណ៍ក្នុងការរង់ចាំម្ដងៗផងដែរ។
បញ្ហាចរាចរណ៍គឺជាមូលហេតុមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមនាពេលបច្ចុប្បន្ន ជាក់ស្ដែងដូចជាកត្តាចតយាន្តជំនិះឥតសណ្ដាប់ធ្នាប់ ការបើកបរដោយមិនមានការគោរពសិទ្ធិគ្នាបណ្ដាលឲ្យមានការកកស្ទះផ្សេងៗ ហើយការកកស្ទះចរាចរណ៍នេះ គឺកើតមានស្ទើរតែជាប្រចាំនៅក្នុងរាជធានីភ្នំពេញផងដែរ។ ការកកស្ទះចរាចរណ៍នេះក៏កើតមានឡើងដោយសារមានការលក់ដូរនៅលើចំណីផ្លូវ និងការចតយាន្ដជំនិះនៅតាមចញ្ចើមផ្លូវ ចំណែកខ្លះទៀតបើកភោជនីយដ្ឋាន ហាងផ្សេងៗ ដោយមិនគិតពីចំណតរថយន្ត ធ្វើឲ្យមានការចតរថយន្តពាសវាលពាសកាលនៅលើដងផ្លូវប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដំណើរផ្សេងៗទៀត។ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំង និងខាតបង់ពេលវេលាក៏ដូចជាប្រាក់កាសផងដែរ ព្រោះថានៅពេលការកកស្ទះចរាចរណ៍កើតមានម្ដងៗ យានជំនិះដែលនៅតាមផ្លូវ បានបញ្ឆេះម៉ាស៊ីនចោល បញ្ចេញនូវផ្សែងពុល និងធ្វើឲ្យការធ្វើដំណើររបស់អ្នកដំណើរមានភាពយឺតយ៉ាវជាងមុន។ ការជាប់គាំងធ្វើឲ្យមនុស្សចាប់ផ្ដើមមានអារម្មណ៍មួរម៉ៅ ប្រែប្រួលជាញឹកញាប់ មនុស្សចាប់ផ្ដើមនិយាយពាក្យពេចន៍មិនសមរម្យចំពោះគ្នា ពេលខ្លះបញ្ចេញកំហឹងនៅក្នុងឡាន ឬនិយាយតែម្នាក់ឯង ស្ដាប់ឮពាក្យសម្ដីមិនសមរម្យពីសំណាក់មនុស្សនៅជុំវិញខ្លួន។ មនុស្សគិតថាវាជារឿងធម្មតា តែបញ្ហាទាំងនេះអាចធ្វើឲ្យមនុស្សកើតមានជំងឺផ្លូវចិត្តបានដោយមិនដឹងខ្លួន។
លោក ហឿ សេធុល ជាអ្នកជំនាញចិត្តសាស្ត្រដែលបានបញ្ចប់ការសិក្សាមកពីប្រទេសហ្វីលីពីន បាននិយាយថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកកស្ទះចរាចរណ៍ គឺសុទ្ធសឹងតែបង្កឲ្យមានផលប៉ះពាល់ដល់បញ្ហាផ្លូវចិត្តទាំងអស់ ដោយមុនដំបូងវាកើតឡើងបន្តិចម្ដងៗរហូតអាចក្លាយជាជំងឺផ្លូវចិត្ត។
បើនិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អ្នកដែលជួបផ្ទាល់អាចមានបញ្ហាផ្លូវចិត្ត ប្រឈមនឹងជំងឺបាក់ស្បាត និងមានការតក់ស្លត់ភ័យខ្លាចដោយមានរូបភាពនៃព្រឹត្តការណ៍នោះនៅដក់ជាប់ក្នុងខួរក្បាល ពេលខ្លះអ្នកដែលធ្លាប់ធ្លាក់ចូលក្នុងសភាពនេះតែងមានអារម្មណ៍ថាខ្លួនឯងគ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួរហ្មង គ្មានកំលាំង គ្មានចិត្តស្ទុះស្ទា ផ្តាច់ខ្លួនពីសង្គម ចូលចិត្តនៅម្នាក់ឯងជាដើម…។ កម្រិតនៃការអាចកើតមានជំងឺផ្លូវចិត្តនេះ គឺអាស្រ័យទៅលើសមត្ថភាពរបស់បុគ្គលថាតើពួកគេអាចប្រឈមមុខ និងអាចទទួលយកបញ្ហានោះបានដែរឬទេ? ហើយវាក៏អាស្រ័យទៅទំហំនៃគ្រោះថ្នាក់ចរាចរណ៍ដែលខ្លួនជួបប្រទះនោះដែរ។
មួយវិញទៀត បញ្ហាកកស្ទះចរាចរណ៍ ក៏ជាមូលហេតុមួយដែលធ្វើឲ្យកើតជាជំងឺផ្លូវចិត្តដែរ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសហ្វីលីពីនបានរកឃើញថា នៅពេលមានការកកស្ទះចរាចរណ៍ញឹកញាប់ធ្វើឲ្យមានផលប៉ះពាល់ដល់ចរិតបុគ្គល ងាយប៉ះទង្គិចផ្នែកអារម្មណ៍ ធ្វើឲ្យងាយទទួលយកអ្វីថ្មី ងាយនឹងប្រព្រឹត្តអំពើហឹង្សា។ល។ ការកកស្ទះចរាចរណ៍កាន់តែកើតឡើងញឹកញាប់នោះផលប៉ះពាល់ផ្នែកផ្លូវចិត្តកាន់តែកើនឡើង ទោះបីជារយៈពេលនៃការកកស្ទះយូរ ឬឆាប់ ក៏ដក់ជាប់នូវអាកប្បកិរិយា ឥរិយាបថ ការប្រើប្រាស់ពាក្យសម្ដី ដែលប្រើនៅពេលនោះ បុគ្គលនឹងយកចំណុចលក្ខណៈទាំងនោះទៅធ្វើនៅមជ្ឈដ្ឋានដទៃទៀតនៃសង្គម។
លោកក៏បានបន្តទៀតថា៖ «ដោយផ្អែកតាមចំណុចទាំងអស់នេះ ខ្ញុំក៏ជឿជាក់ថាកម្ពុជានឹងអាចកើតមានបញ្ហាដូចទៅនឹងអ្វីដែលគេបានរកឃើញក្នុងការស្រាវជ្រាវនោះ ជាពិសេសប្រជាជនរស់នៅរាជធានីភ្នំពេញគឺមានការប្រឈមខ្ពស់ជាងគេ។ ដោយសារនៅក្នុងរាជធានីភ្នំពេញតែងតែមានការកកស្ទះចរាចរណ៍ជាញឹកញាប់ ហើយអាកប្បកិរិយា និងសកម្មភាពរបស់បុគ្គលគឺមានភាពឆេវឆាវ...ដែលជាហេតុនាំឲ្យពួកគេយកសកម្មភាពទាំងនោះមកអនុវត្ត ធ្វើឲ្យមានការប្រែប្រួលចរិតលក្ខណៈគួរអោយកត់សម្គាល់ និងជាមូលហេតុអាចនាំអោយមានជំងឺផ្លូវចិត្ត»។
ការប្រែប្រួលនេះក៏ចាត់ទុកបានថាជាបញ្ហាផ្លូវចិត្តមួយដែរ តែវាមានលក្ខណៈតូច ប៉ុន្តែប្រសិនបើមនុស្សមិនយកចិត្តទុកដាក់ និងមើលរំលងវាចោល នោះវានឹងអាចបង្កជាបញ្ហាធំនៅថ្ងៃក្រោយ។ ពេលមនុស្សជួបបញ្ហានេះ អ្នកមិនគួរនៅក្នុងបន្ទប់ឬនៅមួយកន្លែងនោះទេ ពោលគឺពួកគេត្រូវតែរកវិធីបណ្ធូរអារម្មណ៍ឬធ្វើអ្វីផ្សេងៗ ដើម្បីធ្វើឲ្យមានភាពធូរស្រាល។ ពេលខ្លះមនុស្សជួបបញ្ហាបែបនេះ ហើយបើមានអ្នកដទៃក្រុមគ្រួសារមានសម្ដីតូចធំដាក់ទៀតនោះ ពួកគេរឹតតែមានកង្វល់អាចក្លាយជាបញ្ហាផ្លូវចិត្ត»។ លោកក៏បានបន្តទៀតថា៖ មិនតែប៉ុណ្ណោះគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដែលមនុស្សបានឃើញនៅតាមដងផ្លូវក៏ជាមូលហេតុបង្កឲ្យមានបញ្ហា ឬជំងឺផ្លូវចិត្តដែរ ទោះបីជាមិនបានកើតឡើងនៅក្នុងពេលភ្លាមៗ តែវានឹងអាចកើតឡើងនៅរយៈពេល៥ឆ្នាំ ឬលើសពីនេះ។
យុវជនមួយក្រុមដែលតែងតែផ្លាស់ទីលំនៅពីខេត្តបាត់ដំបងមកកាន់រាជធានីភ្នំពេញបាននិយាយថា៖ ពួកគេពិតជាមានភាពធុញថប់ខ្លាំងណាស់ ឲ្យតែមានការកកស្ទះចរាចរណ៍ម្ដងៗ ពួកគេត្រូវខាតបង់ថវិកាហើយថែមទាំងមានការឈឺចុកចាប់ពេញខ្លួនទៀត។ ក្នុងនោះមានបុរសម្នាក់៖ «ខ្ញុំត្រូវទ្រាំស្ដាប់នូវពាក្យសម្ដីគំរស់គំរើយពីសំណាក់អ្នករួមដំណើរជាមួយគ្នា ត្រូវទ្រាំស្រូបក្លិនផ្សែង... ដែលវាមានផលប៉ះពាល់ខ្លាំង។ នៅពេលដែលខ្ញុំមកជួបនូវបញ្ហាទាំងអស់នេះ ខ្ញុំមានអារម្មណ៍ថាចិត្តរបស់ខ្លួនឆាប់ឆេវឆាវ សូម្បីតែក្រុមគ្រួសាររបស់ពួកខ្ញុំក៏បានប្រាប់ថាបែបនេះដែរ»។
លោក ហឿ សេធុល បានណែនាំ ដើម្បីបង្កាបញ្ហាទាំងនេះបាន គឺវាអាស្រ័យទៅលើការអប់រំរបស់បុគ្គលស្ដីពីច្បាប់ចរាចរណ៍បន្ថែម ហើយក្រសួងពាក់ព័ន្ធគួរតែព្យាយាមធ្វើឲ្យបញ្ហាចរាណ៍កាន់តែប្រសើរជាងនេះ ដើម្បីឲ្យការបើកបរល្អឡើង។ បុគ្គលក៏ត្រូវតែផ្លាស់ប្ដូរអាកប្បកិរិយាក្នុងការបើកបរ និងត្រូវចេះទទួកស្គាល់បញ្ហាដែលខ្លួនបានជួបប្រទះ។
លោកសាស្ត្រចារ្យ សោមច័ន្ទ សុវណ្ណតារា បានរៀបរាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីចៀសវាងការកើតមានជំងឺផ្លូវចិត្ត អ្នកត្រូវធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន បើបានជារៀងរាល់ថ្ងៃរឹតតែល្អ។ អ្នកទទួលទានអាហារដែលមានជាតិវីតាមីន បន្លែ ត្រី សាច់ និងផ្លែឈើអោយបានគ្រប់គ្រាន់ ហើយចៀសវាងអាហារមានជាតិគីមី កាត់បន្ថយភាពមួរម៉ៅ និងបន្ធូរអារម្មណ៍ ព្រោះការកកស្ទះចរាចរណ៍ វាជារឿងធម្មតាទៅហើយចំពោះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ហឿ សេថុល បានណែនាំ ដើម្បីបង្កាបញ្ហាទាំងនេះបាន គឺវាអាស្រ័យទៅលើការអប់រំរបស់បុគ្គលស្ដីពីច្បាប់ចរាចរណ៍បន្ថែម ហើយក្រសួងពាក់ព័ន្ធគួរតែព្យាយាមធ្វើអោយបញ្ហាចរាណ៍កាន់តែប្រសើរជាងនេះ ដើម្បីឲ្យការបើកបរល្អឡើង។ បុគ្គលក៏ត្រូវតែផ្លាស់ប្ដូរអាកប្បកិរិយាក្នុងការបើកបរ និងត្រូវចេះទទួលស្គាល់បញ្ហាដែលខ្លួនបានជួបប្រទះ។ លោកបានផ្ដល់ជាសារចុងក្រោយថា៖ «សូមឲ្យយុវជនត្រូវមានទម្លាប់ល្អក្នុងការរស់នៅ ការបើកបរ ព្រោះពួកគេជាទំពាំងស្នងឫស្សី បើទំពាំងល្អនោះឫស្សីក៏ល្អដែរ។ យុវជនគឺជាអ្នកស្នង និងអភិវឌ្ឍជាតិ ដូចនេះយុវជនត្រូវតែមានសមត្ថភាព និងសុខភាពល្អទន្ទឹមគ្នា»៕
ប្រភព៖khmerload

Post a Comment