មាន​ជំនឿ​បែប​នេះ​ហើយ ​ទើប​ដូនតា​ខ្មែរ​​មិន​ឱ្យ​ធ្វើ​អ្នក​កំដរ​ការ លើស​ពី​៣​ដង​ដាច់​ខាត​



តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​គេ​តែង​រក​អ្នក​កំដរ​ឱ្យ​កូន​ក្រមុំ ​និង​កូន​កំឡោះ​។ ​តាម​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​មក ​អ្នក​កំដរ​ខាង​កូន​ក្រមុំ​តម្រូវ​ឱ្យ​មាន​ចំនួន​៣ ​នាក់​ និង​កូន​កំឡោះ​ចំនួន​ ៣​នាក់​ដូច​គ្នា ​ដើម្បី​​ធ្វើ​ជា​អ្នក​ជំនួយ​​ដល់​កូន​ក្រមុំ​កូន​កំឡោះ​ក្នុង​ពិធី​រៀប​ អាពាហ៍ពិពាហ៍​។ ​តាម​ជំនឿ​របស់​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​មក​ គេ​មិន​កូន​ចៅ​ទៅ​ធ្វើ​អ្នក​កំដរ​​លើស​ពី​៣​ដង​នោះ​ ព្រោះ​មាន​ជំនឿ​ថា ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ជីវិត​មិន​ចេះ​ចប់​។
តាម​ការ​រៀបរាប់​របស់​លោកតា​អាចារ្យ ​ចក់ ឡាង​ ជា​អាចារ្យ​ក្នុង​ពិធី​មង្គល​ការ​ប្រាប់​ថា ​ក្នុង​មួយ​ជីវិត​មនុស្ស​ម្នាក់​មិន​ថា ប្រុស ឬ​ស្រី ​មិន​ត្រូវ​ទៅ​ធ្វើ​អ្នក​កំដរ​ការ​គេ​លើស​ពី​ ៣​ដង​នោះ​ទេ​។ ​មូលហេតុ​នេះ​​ ព្រោះ​ដូនតា​ខ្មែរ​​មាន​ជំនឿ​ថា​ ​បើ​អ្នក​ទៅ​ធ្វើ​អ្នក​កំដរ​គេ​ច្រើន​ដង​ពេក នោះ​ក្នុង​ជីវិត​​នឹង​ជួប​រឿង​អភព្វ​។ ​ចាស់​ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ មាន​ជំនឿ​ថា អាច​នឹង​អភព្វ​មិន​មាន​គូរ​នឹង​គេ ​បាន​ត្រឹម​តែ​ជា​អ្នក​កំដរ​គេ ប៉ុន្តែ​ខ្លួន​ឯង​ជា​មនុស្ស​អភព្វ​ឥត​មាន​គូរ​។ ​ដូច្នេះ​ហើយ​ទើប​ដូនតា​ខ្មែរ​មិន​ឱ្យ​ទៅ​ធ្វើ​អ្នក​កំដរ​គេ​លើស​ពី​ ៣​ដង​​ឡើយ​​។
លោកតា​អាចារ្យ ចក់ ឡាង បន្ថែម​ទៀត​ថា ​ប្រសិន​បើ​ដឹង​ខ្លួន​ឯង​ថា ធ្លាប់​ធ្វើ​អ្នក​កំដរ​ក្នុង​ពិធី​មង្គលការ​បាន​ ៣​ដង​ហើយ ​លើក​ក្រោយ​បើ​មាន​អ្នក​មក​សុំ​ឱ្យ​ទៅ​ធ្វើ​ទៀត ដាច់​ខាត​ត្រូវ​តែ​ប្រកែក​ ទោះ​ជា​មាន​ហេតុផល​អ្វី​ក៏​ដោយ​។ ​លោកតា ចក់ ឡាង​ ប្រាប់​ថា​ទៀត​ថា ​តាម​ជំនឿ​មិន​ត្រឹម​តែ​អភព្វ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ សូម្បី​កូន​ក្រមុំ កូន​កំឡោះ​ដែល​យក​មនុស្ស​ធ្លាប់​កំដរ​ការ​គេ ច្រើន​ដង​នោះ​មក​កំដរ​ក៏​អាច​ជួប​រឿង​ស៊យ​ក្នុង​ជីវិត​ដូច​គ្នា​។តាម​ជំនឿ​ពី​បរម​បុរាណ​មក​ បើ​រៀបចំ​មង្គល​ការ​កូន​ប្រុស​ កូន​ស្រី មិន​ត្រូវ​យក​អ្នក​ធ្លាប់​កំដរ​ចំនួន ៣​ដង​ មក​ធ្វើ​អ្នក​កំដរ​ទេ ព្រោះ​ដូន​តា​ខ្មែរ ជឿ​ថា​មនុស្ស​នោះ​ជា​មនុស្ស​មាន​សម្ពាយ​កម្ម​ជាប់​ខ្លួន អាច​នាំ​រឿង​មិន​ល្អ​ក្នុង​ពិធី​មង្គល​ការ​ និង​ក្រោយ​រៀបការ​រួច​៕ ​



ផ្ទះបុរាណ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទ ស៊ី សុវត្តិ ខេត្តបាត់ដំបង ពិតជាមានប្រវិត្តអស្ចារ្យមែន



ផ្ទះនេះកសាងឡើងនៅឆ្នាំ ១៩២០ ក្នុងរជ្ជកាលព្រះបាទ ស៊ី សុវត្តិ គឺ​សាងសង់ដោយ​លោក ឧកញ៉ា នូ ពិនិត្យភឹង​និង ភរិយា គឺលោកស្រី យិន ។ លោកឧកញ៉ា ជាមេទ័ព តែលុះចូលដល់វ័យចំណាស់បន្តិច គាត់បានធ្វើជាស្មាក្តី ( ជាមេធាវី )​វិញ​។ លោកស្រីជាភរិយា គឺជាមេផ្ទះ​។ អ្នកទាំងពីរមានកូន ០៧ នាក់​ប្រុស​០១​និង​ ស្រី​ ០៦ នាក់​ ។ ក្រោយពីលោកបានទទួលអនិច្ចកម្មទៅ ផ្ទះនេះត្រូវបានគ្រប់គ្រងដោយកូនស្រីទី ០៦ ឈ្មោះ អ្នកស្រី នូ យៀង​និង កូនស្រីទី ០៥ ឈ្មោះ អ្នកស្រី នូ ភុន ព្រមទាំងស្វាមីឈ្មោះ ប៊ុន ឈួយ លោកទាំងពីរគឺជា ឪពុកម្តាយរបស់ម្ចាស់ផ្ទះ សព្វថ្ងៃនេះ ។ ដូច្នេះផ្ទះបុរាណនេះ មានអ្នកគ្រប់គ្រង និង ថែរក្សា បីជំនាន់មកហើយ​​ ។
ផ្ទះនេះមានបណ្តោយ​ ២៨ ម៉ែត្រ និងទទឹង ១០.៥​ម៉ែត្រសង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ​និងសង់តាមលំនាំម៉ូត ប៉ិត​បានន័យថាមានហោណាំង (រានហាល) នៅខាងមុខ​​ និង​ចំហៀង។ ផ្ទះនេះមានជណ្តើរពីរៈ ខាងមុខធ្វើពីថ្មរីឯខាងក្រោយធ្វើពីឈី។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណ តែខាងក្នុងគ្មានពិដានទេ និងមានក្បូរក្បាច់ យ៉ាងល្អប្រណីតនៅពីលើព្រំផ្ទះ។ ឈើផ្នែកខាងលើនៃខាងលើធ្វើពីឈើផ្ចឹក ក្តារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្តាររានហាលធ្វើពីឈើកកោះ។ ចំណែកឯជញ្ចាំងវិញធ្វើអំពីឬស្សីត្បាញបូកជាមួយបាយអ ។ សសរទាំង៣៦ សុទ្ឋតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូមកដល់ពេលបច្ចុន្បន្ននេះ។ ផ្ទះបុរណនេះចែកចែញជា ៣ ផ្នែក
ទី១ -រានហាលខាងមុខ និងចំហៀង
ទី២- នៅចំកណ្តាលផ្ទះ មានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ។ នៅខាងឆ្វេងដៃផ្នែកខាងក្រោយ នៃបន្ទប់ទទួលភ្ញៀវ មានទ្វារមួយ នាំទៅកាន់បន្ទប់គេងពីរ។
ទី៣-នៅទល់មុខបន្ទប់គេងទាំងពីរមានទ្វារមួយទៀតនាំទៅកាន់រានហាលខាងចំហៀង និងជណ្តើដែលធ្វើពីឈើ។ ចេញពីទ្វារទាំងនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះមួយទៀត។
នៅជំនាន់ខ្មែរក្រហម ដែលជាហេតុ បណ្តាលឲ្យគេយកជាកន្លែងសម្រាប់បោកស្រូវ ដាក់សំភារៈធ្ងន់ៗ ហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្តាលឲ្យខូចខាតអស់ពាក់កណ្តាលនៅផ្នែកខាងក្រោយ គឺបរវេនផ្ទះបាយបច្ចុប្បន្ននេះ។
សូមអរគុណលោកអ្នកដែលបានស្វែងយល់ពីកេរិ៍្តតំណែលផ្ទះបុរាណខ្មែរ!!






  • ប្រភព : គេហទំព័រ ខេត្តបាត់ដំបង

No comments