អតីតចៅសង្កាត់ កូនពាក់ផ្កាយ ធ្លាក់ខ្លួនដើរសុំទាន
ភ្នំពេញ: ភ្ញាក់ផ្អើលពីរូបថតលោកតាម្នាក់ ទាំងរាងកាយស្វិតកំព្រឹងស្បែកជ្រីវជ្រួញដណ្តប់ឆ្អឹង ស្តែងយ៉ាងជាក់ពីវ័យជរា មានពាក់តែអាវក្រមាបង់ក និងមួយទៀតស្លៀក ក្នុងដំណើរដើរឆ្លងផ្លូវ ក៏លេចចេញពីទីតាំងយ៉ាងច្បាស់ក្រឡែតនៅដីក្រុងភ្នំពេញ មើលឃើញពីការិយាយល័យរដ្ឋបាលសង្កាត់ចាក់អង្រែលើ ទាំងមនុស្សភាគច្រើនក្នុងបណ្តាញសង្គមលើកឡើងថា៖
«លោកតាម្នាក់នេះឈ្មោះ កែវ គឹមសាន ជាអតីតចៅសង្កាត់ចាក់អង្រែលើ ធ្លាក់ខ្លួនដើរសុំទាន។ ទាំងកូនៗរបស់គាត់ក៏មានស័ក្ដិធំ និងជាអាជីវករនៅផ្សារធំថ្មីទៀតផង»។
ពីបណ្តាញសង្គមហ្វេសប៊ុក ក៏បានរំលេចសារដ៏រំជួលអារម្មណ៍មហាជន ពីរូបភាពលោកតាជរា ដែលគេបង្ហាញអត្តសញ្ញាណថា ជាអតីតចៅសង្កាត់ចាក់អង្រែលើ ពីសំណេរបរិយាយយ៉ាងដូច្នេះថា៖ «ក្លាយជាអ្នកសុំទាននៅផ្ទះកំណើតឯង»។
អតីតចៅសង្កាត់ចាក់អង្រែស្វែងរកទានតាមផ្លូវ។ ហ្វេសប៊ុក
ក្នុងនោះក៏មានការពិពណ៌នាពីរូបភាពដែលបង្ហាញភ្ជាប់នឹងរូបថតលោក កែវ គឹមសាន ដើរឆ្លងផ្លូវទៀតថា «អតីតមេឃុំចាក់អង្រែដែលបានក្លាយជាអ្នកសុំទាននៅលើទឹកដីឃុំគាត់ បងប្អូនអាចឃើញស្លាកសាលាសង្កាត់ចាក់អង្រែលើ នៅចំហៀងខ្នងលោកមេឃុំសុំទាន ដែលកំពុងតែដើរឆ្លងផ្លូវ ហើយបច្ចុប្បន្ននេះ គាត់គ្មានវាសនាត្រួតត្រាលើអគារសង្កាត់នោះទៀតទេ ហេតុអីក៏មនុស្សយើងជាប់កម្មពៀរយ៉ាងនេះ?»។
បណ្តាញសង្គមក៏បង្ហាញថា៖ «តាមការពន្យល់ប្រាប់ពីលោកស្រី ហួត ឃីម តំណាង សសយក ខ័ណ្ឌមានជ័យថា អាជ្ញាធរបានយកចិត្តទុកដាក់ជួយគាត់ហើយ តែបញ្ហាគឺកូនៗគាត់ដែលខ្លះមានស័ក្តិជាឧត្តមសេនីយ៍ ជាអាជីវករលក់ដូរ និងលក់មាសនៅផ្សារថ្មី មិនរវីរវល់ជាមួយគាត់»។
បន្ថែមពីការទទួលស្គាល់របស់លោក ជុំ សាវុត អតីតចៅសង្កាត់ចាក់អង្រែលើ ដែលទើបនឹងចូលនិវត្តន៍ថា៖ «លោក តា កែវ គឹមសាន ពិតជាអតីតចៅសង្កាត់ចាក់អង្រែលើ ធ្លាប់បម្រើការងារនៅសង្កាត់នេះតាំងពីឆ្នាំ ១៩៧៩ លុះកៀកឆ្នាំ ២០០០ ក៏ត្រូវផ្លាស់ប្តូរ លោកក៏នាំប្រពន្ធទៅនៅខេត្តបន្ទាយមានជ័យ» លោក កែវ សាវឿន ដែលជាចៅសង្កាត់ចាក់អង្រែលើបន្តវេន និងកំពុងមាននាទីគ្រប់គ្រងមូលដ្ឋាន ក៏បានបញ្ជាក់ថា៖ «ក្រោយពីគាត់ លោកតា កែវ គឹមសាន ត្រូវបានផ្លាស់ប្តូរ ចេញពីចៅសង្កាត់ ពេលនោះគាត់លក់ផ្ទះនៅក្បែរសាលាសង្កាត់ រួចហើយក៏នាំប្រពន្ធទៅខេត្តបន្ទាយមានជ័យ។ តែមិនដឹងថាយ៉ាងម៉េចទេ ឆ្នាំ ២០១៥ គាត់ក៏នាំប្រពន្ធត្រឡប់ពីខេត្តបន្ទាយមានជ័យវិញក្នុងសភាពខ្សត់ខ្សោយខ្លាំង»។
លោក កែវ សាវឿន បន្តថា៖ «ពេលមក គាត់បានមកស្នើសុំសាលាសង្កាត់ជួយឲ្យដីដល់រូបគាត់មួយកន្លែង ប៉ុន្តែសាលាសង្កាត់ពុំមានលទ្ធភាព ក៏ស្នើសុំព្រះចៅអធិការគណៈកម្មការវត្តចាក់អង្រែលើស្នើសុំដីមួយកន្លែង ឲ្យគាត់ស្នាក់នៅក្នុងវត្ត ហើយថែមទាំងសាងសង់តូបជូនគាត់នៅពីរនាក់យាយ»។
ចៅសង្កាត់ក៏បានបញ្ជាក់ថា៖ «ដ្បិតក្នុងស្ថានភាពបែបនេះគាត់នៅផ្ទះមិនខ្វះសម្ភារហូបចុកទេ។ អង្ករក៏មាននៅក្នុងផ្ទះទាំងបេៗ ដែលខាងសង្កាត់ក៏យកចិត្តទុកដាក់ទំនុកបម្រុងគាត់ រួមនឹងសប្បុរសជន តែគាត់កាលដែលគាត់ទៅសុំទានអីនោះ ដោយសារគាត់វង្វេងផង វ័យដល់ទៅ ៨៤ ឆ្នាំហើយ ហើយណាមួយកូនៗគាត់ក៏មិនសូវជាយកចិត្តទុកដាក់នឹងគាត់ ទើបគាត់គិតច្រើនទៅ ក៏វង្វេងចិត្តទៅ»៕ ប្រភព៖ POSTKHMER



Post a Comment